សម្ដីសំដៅ ដិតជាប់ក្រឡៅ ចាំជាប់ចិន្ដា
កាលកូននៅតូច ពុកម៉ែរក្សា ជូនទៅសាលា
ដឹកដៃឆ្លងថ្នល់។
យំទាចំណី ពុកម៉ែលកលៃ មិនឲ្យខ្វាយខ្វល់
ឲ្យរើសតាមចិត្ត កៀកកិតដិតដល់ បំពេញរៀងរាល់
លុះធំដឹងក្ដី។
គ្រានេះនៅឆ្ងាយ នឹកឡើងសែនស្ដាយ ម្ដាយធ្លាប់បមបី
ឃ្លាតអ្នកឆ្ងាយណាស់ យូរទើបវិលវៃ តើអ្នកម្ដាយថ្លៃ
សុខទុក្ខយ៉ាងណា?
បំពេញវិជ្ជា រាល់យប់ទិវា ស្រម៉ៃភក្រ្តា
ញញឹមរកកូន ដោយក្តីស្នេហា គុណអ្នកថ្លៃថ្លា
ប្រៀបផ្ទឹមពុំបាន។
ចង់នៅមើលថែ លោកពុកអ្នកម៉ែ ឲ្យស្បើយចិត្តប្រាណ
ការងារស្រាលធ្ងន់ លំបាកប៉ុន្មាន កូនរ៉ាប់រងបាន
បូជាជីវិត។
លោកពុកអ្នកម៉ែ អ្នកជាព្រះថែ ទាំងកាយទាំងចិត្ត
ចង់ឲ្យកូនខ្ពស់ ហ៊ានប្ដូរជីវិត អ្នកជាព្រះពិត
កន្លោងឧត្តម។
ចំណេះខ្ពង់ខ្ពស់ ទ្រព្យធនសក្ក័យស ហេតុម្ដាយបង្ខំ
នេះហើយទឹកចិត្ត ពិតឥតបន្លំ កាលតូចសំងំ
មិនចង់សិក្សា។
នេះហើយទឹកចិត្ត ក្នុងមួយជីវិត ពេញដោយករុណា
មិនស្អប់មិនខឹង ទោះខុសម្ដេចម្ដា នេះហើយចន្ដា
ថ្លៃថ្លាប្រពៃ។
ពុកម៉ែមានគុណ ធ្ងន់អើយសែនធ្ងន់ ធំពិតពេកក្រៃ
គុណនេះហៅមហា លើសភពផែនដី ទោះជីវិតក្ស័យ
ក៍សងពុំអស់៕
និពន្ធដោយ នៅ រិន្ទរ៉ាវី
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment